Rodrygo និយាយពី Messi មុនការប្រកួតវគ្គជម្រុះរវាងប្រេស៊ីលនិងអាស្សង់ទីន មកដល់
ក្រុមជម្រើសជាតិប្រេស៊ីល នឹងមានភារកិច្ចលេងប៉ះគ្នាជាមួយក្រុមជម្រើសជាតិអាហ្សង់ទីននាថ្ងៃអង្គារនេះ សម្រាប់វគ្គជម្រុះដើម្បីចូលរួមលេងក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ដែលមានសហម្ចាស់ផ្ទះសហរដ្ឋអាមេរិក ប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា បន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីនទើបតែបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយថ្មីៗនេះ។
កីឡាករ Lionel Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៨ ដងចង់ស្តារមុខមាត់ក្រុមឡើងវិញបន្ទាប់ពីទទួលរងបរាជ័យ ស្របពេលខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid កីឡាករ Rodrygo បាននិយាយពីថា៖
ខ្ញុំគិតថាពួកគេនឹងគោរពយើង ដូចដែលពួកយើងគោរពពួកគេ។ យើងមិនអាចប្រកែកបានឡើយ ដោយ Messi គាត់គឺជាកីឡាករដ៏ល្អម្នាក់ក្នុងចំណោមកីឡាករល្អៗជាច្រើនទៀតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយពួកយើងត្រូវតែប្រុងប្រយ័ត្នខ្ពស់ចំពោះរូបគាត់។
ខ្សែការពារក្រុមជម្រើសជាតិប្រេស៊ីលនឹងត្រូវមានកិច្ចការធ្ងន់ក្នុងការទប់ទល់ជាមួយកីឡាករ Lionel Messi ហើយកីឡាករ Rodrygo នឹងត្រូវព្យាយាមធ្វើឱ្យទម្រង់ប្រយុទ្ធរបស់រូបគេកាន់តែមុតស្រួច ដោយសារតែកីឡាករ Neymar និងកីឡាករ Vinicius Junior កំពុងរងរបួស។ ក្នុងនោះដែរ កីឡាករ Rodrygo បានបន្ថែមទៀតថា៖
ខ្ញុំគិតថាពួកគេនឹងរំពឹងខ្ពស់ពីខ្ញុំ។ ពួកយើងពិតជាសោកស្តាយណាស់ដែល Vini កំពុងរងរបួស ដោយរូបគេគឺជាមិត្តរួមក្រុមជម្រើសជាតិ និងជាមិត្តរួមក្រុមក្លិបអាជីព។
គួរបញ្ជាក់ផងដែរថា កីឡាករ Neymar កំពុងមានបញ្ហាដោយត្រូវវះកាត់ ACL និងត្រូវអវត្តមានជាច្រើនខែ ស្របពេលកីឡាករ Vinicius Junior កំពុងមានរបួសត្រង់ភ្លៅដោយធ្វើឱ្យរូបគេអវត្តមានដល់ទៅ ១០ សប្តាហ៍ឯណោះ៕