ក្រោយយកឈ្នះ Chelsea លទ្ធផល 5-0 គ្រូ Arteta បង្ហាញភាពភ្ញាក់ផ្អើលចំពោះកូនក្រុមរបស់គាត់

គ្រូបង្វឹក Arsenal លោក Mikel Arteta បាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលចំពោះការលេងយ៉ាងល្អរបស់កូនក្រុម នៅពេលពួកគេប្រកួតយកឈ្នះ Chelsea ដោយលទ្ធផលដល់ទៅ ៥-០ នៅក្នុងជំនួបក្របខណ្ឌ Premier League កាលពីយប់មិញ។

ជាការពិត បន្ទាប់ពីមានលទ្ធផលដ៏ខកចិត្តដោយចាញ់ Bayern Munich ធ្លាក់ពីពានរង្វាន់ UEFA Champions League នៅវគ្គ៨ក្រុមចុងក្រោយមក Arsenal បានស្វះស្វែងរកជ័យជម្នះមកវិញ ដោយបានឈ្នះ Wolverhampton និងបន្តមកឈ្នះ Chelsea ក្នុងលទ្ធផលយ៉ាងធំ ក្នុងក្របខណ្ឌ Premier League ។

ការប្រកួតដែលធ្វើឡើង នាកីឡដ្ឋាន Emirates នោះ Leandro Trossard ជាអ្នករកគ្រាប់បើកឆាក នៅនាទី៤ នៃវគ្គទី១។ នៅវគ្គទី២ Ben White បានបន្ថែមគ្រាប់ទី២ មុនពេល Kai Havertz បន្ថែមគ្រាប់ទី៣ឱ្យក្រុមកាំភ្លើងធំដែលជាម្ចាស់ផ្ទះ។ សម្រាប់ក្រុមតោខៀវវិញ ហាក់មិនមានសំណាងស៊ុតបញ្ចូលទីគូប្រជែងបានសម្រេចទេ ហើយថែមទាំងរបូត២គ្រាប់បន្ថែមទៀត ដែលស៊ុតបញ្ចូលទីដោយ Kai Havertz នៅនាទី៦៥ និង Ben White នៅនាទី៧០ មុនពេលបញ្ចប់ការប្រកួតដោយលទ្ធផល Arsenal ៥ Chelsea ០។

ការលេងដ៏ល្អបែបនេះ បានធ្វើឱ្យលោក Mikel Arteta មានភាពសប្បាយរីករាយ និងភាពភ្ញាក់ផ្អើលផងដែរ ដោយសឹងមិនជឿថា កូនក្រុមអាចយកឈ្នះគូប្រជែងជើងខ្លាំងដូចជា Chelsea ជាមួយចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ច្រើន។

គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានថ្លែងក្រោយចប់ការប្រកួតថា៖

“ខ្ញុំភ្ញាក់ផ្អើលមែនទែន។ ពួកយើងមានការខកចិត្តនាពេលកន្លងមក ប៉ុន្តែវាបានផ្លាស់ប្តូរក្នុងរយៈពេលចុងក្រោយនេះ។ អ្វីដែលកូនក្រុមខ្ញុំបានធ្វើ ពេលយើងសម្លឹងមើលចំនួនគ្រាប់បាល់ វាជារឿងសឹងមិនគួរឱ្យជឿ ប៉ុន្តែពួកគេបានដាក់គោលដៅសម្រេចវា។ ពួកគេមានផ្លូវចិត្តរឹងមាំ ហើយនេះជាអ្វីដែលខ្ញុំរីករាយ។”

Leave a Reply

Your email address will not be published. Required fields are marked *