Arsenal ចង់ដណ្តើមខ្សែបម្រើ Bruno Guimaraes ដែលមានក្លឹបយក្សទាំងពីរនេះ តាមប្រមាញ់ជាយូរហើយ

ក្រុមមេឃខៀវ Manchester City និងបិសាចក្រហម Manchester United អាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងពីសំណាក់ក្រុមកាំភ្លើងធំ Arsenal សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិប្រេស៊ីល Bruno Guimaraes របស់ក្រុមសារិកាព្រៃ Newcastle United នារដូវក្តៅខាងមុខ។

គួរកត់សម្គាល់ថា កីឡាករវ័យ ២៦ឆ្នាំ បានវិវត្តន៍ខ្លួនក្លាយជាកីឡាករដ៏សំខាន់ក្នុងក្រុមដំបូង និងជាទីពេញចិត្តរបស់អ្នកគាំទ្រនៅកីឡដ្ឋាន St James’ Park ចាប់តាំងពីចាកចេញពីក្រុម Lyon ក្នុងខែមករា ឆ្នាំ ២០២២ ដោយបានរួមចំណែកជាមួយគ្រាប់បាល់ ១៤គ្រាប់ និង ១៤ដង (Assists) ក្នុងការបង្ហាញខ្លួន ១០១ប្រកួត។ ទន្ទឹមនឹងនេះ កិច្ចសន្យាកុងត្រារបស់ Guimaraes ជាមួយ Newcastle នឹងផុតកំណត់រហូតដល់ខែមិថុនា ឆ្នាំ ២០២៨។

បន្ថែមពីនេះ គ្រូបង្វឹកលោក Eddie Howe ក៏បានសារភាពថា រូបគាត់មិនអាចធានាបានថា Guimaraes នឹងបន្តស្នាក់នៅក្លឹបលើសពីទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះទេ។ យ៉ាងណាមិញ យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា អ្នកចាត់ការទូទៅក្លឹបលោក Mikel Arteta បាននិយាយថា គាត់ចង់ពង្រឹងជម្រើសខ្សែបម្រើរបស់គាត់ ចំពេលមានភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករមួយចំនួនដូចជា Thomas Partey, Jorginho, Charlie Patino និង Mohamed Elneny ៕

Leave a Reply

Your email address will not be published. Required fields are marked *