ខ្សែការពារ Nacho ត្រូវបានក្លឹបយក្សមួយនេះចាប់អារម្មណ៍ ខណៈដែលជិតចាកចេញពី Real Madrid
ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងចំណោមក្លិបធំៗផ្សេងទៀត ដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Nacho របស់ក្លិប Real Madrid។
ជាក់ស្តែងកិច្ចសន្យារបស់កីឡាករវ័យ ៣៤ឆ្នាំរូបនេះ នៅទឹកដី Bernabeu នឹងត្រូវផុតកំណត់នៅដំណាច់រដូវកាលនេះហើយ ខណ:មានរបាយការណ៍ជាច្រើនជឿជាក់ថា Nacho អាចនឹងបញ្ចប់ការស្នា់នៅរបស់គេជាមួយក្លិបយក្សអេស្ប៉ាញត្រឹមហ្នឹងផងដែរ។
គួរឲ្យដឹងថា Nacho បាននៅជាមួយក្រុម Real Madrid តាំងពីអាយុ ១១ឆ្នាំ មកម្លេះ រហូតដល់គេទទួលបានឱកាសលេងនៅក្នុងឈុតធំរបស់ក្លិប នៅក្នុងឆ្នាំ២០១១ រួចក៏បន្តទទួលបានភាពជោគជ័យយ៉ាងខ្លាំង ជាមួយនឹងការឈ្នះពានរង្វាន់ធំៗជាច្រើន។
ហើយឥឡូវនេះ ខណ:ពេលវេលារបស់ខ្សែការពារសញ្ជាតិអេស្ប៉ាញនៅ Bernabeu ហាក់ដូចជាជិតដល់ទីបញ្ចប់ហើយ យោងទៅតាម Fichajes បានអះអាងថា Man United កំពុងបង្ហាញចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើគេ។
ប្រភពដដែលនេះ ក៏បានរាយការណ៍ទៀតថា ទាំងក្លិប Juventus និង Inter Milan ក៏កំពុងតាមដានស្ថានភាពរបស់ Nacho ផងដែរ ដោយក្លិបយក្សអ៊ីតាលីទាំងពីរ ចង់ចុះហត្ថលេខាលើខ្សែការពាររូបនេះ នៅក្នុងការផ្ទេរដោយឥតគិតថ្លៃ៕