កីឡាករ Karim Benzema ដាក់ពាក្យបណ្តឹងប្រឆាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងពីបទបរិហារកេរ្តិ៍ខ្លួន
ខ្សែប្រយុទ្ធ Karim Benzema បានដាក់ពាក្យបណ្តឹងប្រឆាំងលោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ពីបទបរិហារកេរ្តិ៍ ដែលកាលពីឆ្នាំមុន លោកបានថ្លែងថា អតីតសមាជិកក្រុមជម្រើសជាតិបារាំង មានទំនាក់ទំនងជិតស្និតជាមួយក្រុមមូស្លីម Muslim Brotherhood ។
លោក Gerald Darmanin បានរិះគន់ Karim Benzema បន្ទាប់ពីកីឡាករវ័យ៣៦ឆ្នាំ បានបង្ហោះសារលើបណ្តាញសង្គម កាលពីពាក់កណ្តាលខែតុលាឆ្នាំមុន ដើម្បីគាំទ្រប្រជាជនតំបន់ហ្គាហ្សាដោយបានអះអាងថា គឺជាជនរងគ្រោះនៃការទម្លាក់គ្រាប់បែកអយុត្តិធម៌ ដែលធ្វើឡើងដោយអ៊ីស្រាអែលក្នុងការសងសឹកចំពោះការវាយប្រហារ របស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
លោក Darmanin បានប្រតិកម្មនឹងការបង្ហោះរបស់ Benzema ដោយចោទប្រកាន់ថា រូបគេមានទំនាក់ទំនងជាមួយក្រុម Muslim Brotherhood ដែលជាក្រុមឥស្លាមនិកាយស៊ុននីមានដើមកំណើតនៅក្នុងប្រទេសអេហ្ស៊ីប។
នៅក្នុងពាក្យបណ្តឹងរបស់ Benzema ដែលជាអ្នកកាន់សាសនាឥស្លាមម្នាក់ បានចោទប្រកាន់ថា ការកត់សម្គាល់ទាំងនេះធ្វើឱ្យប៉ះពាល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់គេ ហើយបានអះអាងថា រូបគេមិនដែលមានទំនាក់ទំនងជាមួយក្រុម Muslim Brotherhood នោះទេ។
ពាក្យបណ្តឹងត្រូវបានដាក់នៅតុលាការយុត្តិធម៌បារាំង ដែលជាតុលាការបារាំងតែមួយគត់ផ្តល់សិទ្ធិអំណាចក្នុងការកាត់ទោសសមាជិករដ្ឋាភិបាល ចំពោះបទល្មើសដែលបានប្រព្រឹត្តក្នុងពេលកំពុងអនុវត្តភារកិច្ចរបស់ពួកគេ៕