Greenwood អាចនឹងត្រឡប់មកកាន់ Man Utd វិញ ដោយសារហេតុផលមួយនេះ

ក្រុមបិសាចក្រហម Manchester United បានដាក់កីឡាករ Mason Greenwood ឱ្យក្រុម Getafe ខ្ចីជើងកាលពីខែកញ្ញា ឆ្នាំ២០២៣។ កុងត្រាក្នុងការខ្ចីជើងកីឡាករ Mason Greenwood នឹងមានសុពលភាពរហូតដល់ដំណាច់រដូវកាលនេះ ស្របពេលទម្រង់លេងរបស់កីឡាករ Mason Greenwood ពិតជាល្អមែនទែន ដោយបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុម Barcelona និងក្រុម Atletico Madrid។

កីឡាករ Mason Greenwood ត្រូវបានគេចាត់ទុកថារូបគេទំនងជាគ្មានឱកាសបង្ហាញខ្លួនសម្រាប់ក្រុម Manchester United បន្តទៀតឡើយ បន្ទាប់ពីការប្រកួតចុងក្រោយរបស់រូបគេនៅក្នុងអំឡុងខែមករា ឆ្នាំ២០២២ មុនពេលដែលរឿងក្តីចោទប្រកាន់ជាច្រើនកើតឡើងលើរូបគេ។ រឿងក្តីនោះត្រូវបានបញ្ចប់ទៅវិញនាខែកុម្ភៈ ឆ្នាំ២០២៣ ដែលអនុញ្ញាតឱ្យកីឡាករ Mason Greenwood បន្តអាជីពរបស់ខ្លួនបាន ស្របពេលអនាគតរបស់រូបគេនៅក្រុម Manchester United នឹងត្រូវសម្រេចដោយនាយកផ្នែកកីឡាថ្មីរបស់ក្រុម Manchester United។

លោក Fabrizio Romano បាននិយាយទៅកាន់ GIVEMESPORT ថា៖

នៅចុងរដូវកាលនេះ ពួកគេនឹងយក Sancho និង Greenwood ត្រឡប់មកវិញ។ Man Utd និង INEOS ចង់បាននាយកផ្នែកកីឡាថ្មី ដើម្បីមកសម្រេចរឿងរ៉ាវរបស់ពួកគេទាំងពីរ និងទទួលខុសត្រូវរាល់ការសម្រេចចិត្តផងដែរ។ ពួកគេនឹងមិនទាន់សម្រេចចិត្តនាពេលឥឡូវនេះឡើយ បើទោះបីជាក្នុងខែកុម្ភៈ ឬខែមីនាក្តី។ ពួកគេនឹងសម្រេចរឿងនេះក្នុងខែឧសភា ឬខែមិថុនា។

លោក Jim Ratcliffe កំពុងតែធ្វើកិច្ចការជាច្រើន បន្ទាប់ពីលោកបានទិញភាគហ៊ុន ២៥ ភាគរយនៃក្លិបបាល់ទាត់ Manchester United ហើយការផ្លាស់ប្តូរជាច្រើននឹងត្រូវធ្វើឡើង។ ព័ត៌មានជាច្រើនបានលើកឡើងថាក្លិបបាល់ទាត់ Manchester United កំពុងតែព្យាយាមអូសទាញលោក Dan Ashworth ពីក្រុម Newcastle United ដើម្បីមកកាន់ដំណែងនាយកផ្នែកកីឡាថ្មីរបស់ក្លិប ស្របពេលពួកគេក៏កំពុងតែអូសទាញលោក Omar Berrada ពីក្រុម Manchester City ដើម្បីមកកាន់ដំណែង CEO ដូចគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *