ខ្សែប្រយុទ្ធឆ្នើមប្រស៊ីលរូបនេះ មិនជាប់ជម្រើសជាតិសម្រាប់ព្រឹត្តការណ៏ Copa America ២០២៤ ទេ
សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលកាលពីថ្ងៃសុក្របានបញ្ជាក់ថា ខ្សែប្រយុទ្ធចាស់វស្សា Neymar មិនមានឈ្មោះសម្រាប់ក្រុមសាំបាដើម្បីចូលរួមការប្រកួត Copa America ឆ្នាំ២០២៤ ស្របពេលដែលរូបគេកំពុងបន្តព្យាបាល និង ស្តារកាយសម្បទាដែលកំពុងរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរនោះ។
មានន័យថាកីឡាករកំនត់ត្រាផ្ទេរថ្លៃបំផុតក្នុងពិភពបាល់ទាត់បច្ចុប្បន្នមានវ័យ ៣២ឆ្នាំលេងអោយក្រុមAl Hilal នៅលីកកំពូល Saudi Pro League មិនបានចូលលេងទេចាប់តាំងពីមានរបួសសរសៃពួរជើង និងសរសៃពួរជង្គង់ឆ្វេងរបស់គាត់កាលពីខែតុលា ដូច្នេះឪកាសនៃការចូលលេងសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តការណ៏ប្រកួតនៅសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែមិថុនាគឺរូបគេមិនមានឈ្មោះនោះឡើយ។
មួយវិញទៀតកីឡាកររួមជាតិមានដូចជាខ្សែបម្រើ Casemiro របស់ក្រុមបិសាចក្រហម Man United និងខ្សែប្រយុទ្ធ Richarlison របស់ Tottenham Hotspur ក៏អវត្តមានផងដែរ ក្រោយពីបង្ហាញទម្រង់លេងមិនបានល្អជាមួយក្លឹបព្រមទាំងបញ្ហារបួសរបស់ពួកគេនោះ។ ផ្ទុយទៅវិញគ្រូបង្វឹកលោក Dorival Junior បានដាក់អោយកីឡាករយុវជន Endrick បច្ចុប្បន្នលេងអោយក្រុម Palmeiras និងត្រៀមផ្ទេរទៅ Real Madrid នៅខែកក្កដា ក្នុងវ័យ១៨ឆ្នាំ អោយស្ថិតក្នុងចំណោមកីឡាករសរុបទាំង ២៣ នាក់របស់គាត់។
Endrick គឺជាកីឡាករស៊ុតបញ្ចូលទីឱ្យប្រេស៊ីលក្នុងជ័យជម្នះ ១-០ លើក្រុមតោកំណាចអង់គ្លេសនៅកីឡដ្ឋាន Wembley ក្នុងជំនួបមិត្តភាព និងបន្តរកបានគ្រាប់បាល់ក្នុងលទ្ធផលស្មើ ២-២ ជាមួយអេស្ប៉ាញនៅកីឡដ្ឋាន Santiago Bernabeu ក្នុងខែមីនាកន្លងទៅ។ ប្រេស៊ីលនឹងចាប់ផ្តើមយុទ្ធនាការ Copa America របស់ពួកគេទល់នឹងកូស្តារីកាក្នុងទីក្រុង Los Angeles នៅថ្ងៃទី ២៤ ខែមិថុនា ហើយនឹងជួបប៉ារ៉ាហ្គាយ និងកូឡុំប៊ីក្នុងការប្រកួតជម្រុះក្នុងពូល។