Man Utd នឹងត្រូវបញ្ចប់កុងត្រាជាមួយ Erik ten Hag ក្នុងងារជាគ្រូបង្វឹករបស់ក្លឹបនៅចុងរដូវកាលនេះ
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានធ្វើការសម្រេចចិត្តរួចហើយ ដោយនឹងបណ្តេញលោក Erik ten Hag ចេញពីតំណែងជាគ្រូបង្វឹកនៅចុងបញ្ចប់នៃរដូវកាលឆាប់ៗខាងមុខ។ បុរសវ័យ 54 ឆ្នាំរូបនេះ មានកុងត្រានៅ Old Trafford រហូតដល់ខែមិថុនា ឆ្នាំក្រោយ ប៉ុន្តែកៅអីជាគ្រូបង្វឹករបស់គាត់ប្រហែលជាមិនអាចរក្សាបានដល់ផុតកុងត្រានោះឡើយ។
ទម្រង់លេងរបស់បិសាចក្រហមនៅរដូវកាលនេះ ពិតជាធ្លាក់ចុះខ្លាំង បើធៀបនឹងរដូវកាលមុន។ ពួកគេបានរងបរាជ័យក្នុងលទ្ធផល 4-0 នៅលើទឹកដីរបស់ Crystal Palace កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ 8 ក្នុងតារាង Premier League។ បិសាចក្រហម កំពុងប្រឈមមុខនឹងការខកខាន មិនមានកៅអីលេងពានធំៗរបស់តំបន់អឺរ៉ុបរដូវកាលក្រោយ (2024-2025) ផងដែរ។
ថ្នាក់លើរបស់ក្លឹបបិសាចក្រហមបានសម្រេចចិត្តរួចហើយ ដោយពួកគេនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់លោក Erik ten Hag នាចុងបញ្ចប់នៃរដូវកាលនេះ។ គេបានដឹងបន្ថែមទៀតថា បើទោះបីជា Erik ten Hag អាចដឹកនាំក្រុម ដោយយកឈ្នះ Man City នៅវគ្គផ្តាច់ព្រ័ត្រ FA Cup ក៏ដោយ ក៏គុណសម្បត្តិនេះមិនអាចរក្សាតំណែងរបស់គាត់បានដែរ។