Mourinho បដិសេធសំណើក្លិបធំៗជាច្រើន ដោយសារគាត់កំពុងទន្ទឹងរង់ចាំការចចារជាមួយក្លឹបយក្សមួយនេះ

លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើរបស់ក្លិបគីឡូធ្ងន់នៅ Premier League មួយចំនួន ដោយសារតែលោកដាក់គោលដៅចង់មកដឹកនាំក្លិបយក្ស Bayern Munich។

ជាការពិតណាស់ លោក Jose គឺមិនទាន់មានក្លិបដឹកនាំនោះទេ ចាប់តាំងពីលោកត្រូវបានក្លិប AS Roma បណ្តេញចេញពីតំណែងកាលពីខែ មករា កន្លងទៅ ខណៈក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោកក៏មានក្លិបនៅ Premier League មួយចំនួនដូចជាអតីតក្លិបរបស់លោក Chelsea និង Newcastle ទាក់ទងមកផងដែរ ប៉ុន្តែលោកសុទ្ធតែបដិសេធទាំងអស់។

យ៉ាងណាមិញ ថ្មីៗនេះកាសែត BILD ដែលជាកាសែតដ៏ធំមួយរបស់ អាល្លឺម៉ង់ បានចុះផ្សាយថា លោក Jose ដែលជាអតីតអ្នកចាត់ការរបស់ Manchester United បច្ចុប្បន្នកំពុងសម្លឹងមើលរកឱកាសក្នុងការក្លាយជាអ្នកចាត់ការបន្ទាប់របស់ Bayern Munich ដើម្បីជំនួសរបស់លោក Thomas Tuchel ដែលប្រកាសចាកចេញពីតំណែងនៅដំណាច់រដូវកាលនេះ។

ប្រភពដដែលបានបន្ថែមថា លោក Jose បានសុខចិត្តបដិសេធជាមួយក្លិបជាច្រើន ដោយសារតែលោករង់ចាំការដាក់សំណើរបស់ Bayern ហៅលោកទៅដឹកនាំ។ 

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាគឺត្រូវបានគេអះអាងថា លទ្ធផលដែលលោក Jose អាចទៅដឹកនាំ Bayern Munich គឺវារៀងទាបបន្តិច ដោយសារតែក្លិបយក្ស អាល្លឺម៉ង់ មួយនេះមិនសូវចូលចិត្តរបៀបដឹកនាំរបស់លោក ដែលផ្តោតលើការការពារច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *