Barcelona កំពុងសម្លឹងមើលជម្រើសនៃការចុះហត្ថលេខាលើខ្សែបម្រើឆ្នើមរូបនេះពីក្លឹប Arsenal
ក្លឹបអ្នកមានបុណ្យ Barcelona អាចនឹងធ្វើការផ្ទេរខ្សែបម្រើកណ្ដាលដ៏មានឥទ្ធិពលម្នាក់ចូលទៅក្នុងក្រុមរបស់ខ្លួន នារដូវក្តៅខាងមុខនេះ។ យ៉ាងណាមិញ ខ្សែបម្រើដែលក្លឹបកាតាឡាន់បាននឹងកំពុងឃ្លាំមើលនោះគឺ Thomas Partey ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal។
ប្រសិនបើ Barcelona អាចសម្រេចបាននូវការចុះហត្ថលេខាលើកីឡាករសញ្ជាតិហ្គាណារូបនេះពិតមែន នោះគាត់នឹងត្រឡប់មកកាន់ទឹកដី La Liga ជាថ្មីម្ដងទៀត ខណៈដែលគាត់ធ្លាប់បានចំណាយពេលនៅលីគកំពូលនៃប្រទេសអេស្ប៉ាញអស់រយៈពេលជាង 7 ឆ្នាំផងដែរ ដោយលេងឲ្យក្លឹប Atletico Madrid។
កុងត្រាបច្ចុប្បន្នរបស់ខ្សែបម្រើវ័យ 30 ឆ្នាំរូបនេះជាមួយក្លឹបកាំភ្លើងធំ មានសុពលភាពដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។ ទោះជាយ៉ាង គេបានដឹងថា គាត់មិនមែនជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់លោក Mikel Arteta ដែលជាគ្រូបង្វឹករបស់ Arsenal ឡើយ ហើយ Barcelona កំពុងតាមដានពីស្ថានភាពនេះ។
ក្លឹប Barcelona ចង់បានខ្សែបម្រើដែលមានបទពិសោធន៍ច្រើន និងមានតម្លៃផ្ទេរទាប ដើម្បីពង្រឹងក្រុមរបស់ពួកគេ។ ថវិការនៃការចំណាយលើការទិញកីឡាករចំណូលថ្មីរបស់ Barcelona នឹងត្រូវបានកាត់បន្ថយ ប្រសិនបើពួកគេអាចចុះហត្ថលេខាលើ Partey ដែលមានតម្លៃប្រហែល 20 លានអឺរ៉ូ។