អស់រយះពេល២០ឆ្នាំហើយ ដែល Newcastle មិនបានបង្ហាញមុខនៅ Champions League ឥឡូវនេះក្រុមនេះបានត្រលប់មកវិញហើយ!
ទីបំផុត Newcastle United អាចចូលរួមប្រជែងក្នុងក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីអាក់ខានរយៈពេល២០ឆ្នាំ។ ក្រោមការដឹកនាំរបស់ម្ចាស់ក្លិបថ្មី ក្រុមរហស្សនាមសារិកាព្រៃ នឹងបញ្ចប់ក្នុងតំបន់ Top4 នៃក្របខណ្ឌ Premier League ទាំងនៅសល់១ប្រកួតក្នុងដៃ។
ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Eddie Howe ចាប់តាំងពី Newcastle ប្តូរម្ចាស់ថ្មីនៅឆ្នាំ២០២១ និងបានកំណែទម្រង់កីឡាករមួយចំនួន បានធ្វើឱ្យពួកគេកើនសម្ថភាពលេចធ្លោ និងជាក្រុមដ៏ខ្លាំងនៅលីគកំពូលអង់គ្លេស។
បន្ទាប់ពីស្មើ Leicester City ០-០ នាជំនួបលីគសប្តាហ៍ទី៣៧ ក្រុម Newcastle រកបាន៧០ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៣បណ្តោះអាសន្នដោយនាំមុខក្រុមលេខ៤ Manchester United ដែលសល់ពីរប្រកួតក្នុងដៃចំនួន១ពិន្ទុ។ យ៉ាងណាក៏ដោយក្រុមលោក Howe នឹងបញ្ចប់ក្នុងតំបន់ Top4 ទោះចាញ់ឈ្នះនៅជំនួបចុងក្រោយ ដ្បិតក្រុមលេខ៥ Liverpool គ្មានឱកាសប្រជែងកៅអី Champions League ឡើយ។
ឥឡូវនេះ Newcastle ពិតជាអាចធ្វើឱ្យក្រុមដ៏ទៃភ្លឺភ្នែក ដោយដណ្តើមបានកៅអីក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយ ២០២៣-២៤ បន្ទាប់ពីអវត្តមានតាំងពីឆ្នាំ២០០៣៕
ប្រភព៖ Thmey Thmey