Barcelona ត្រៀមគម្រោងស្នើរខ្ចីជើងអតីតកីឡាកររបស់ខ្លួនរូបនេះ ពីក្លឹបយក្សមួយនៅបារាំង
ក្លឹបអ្នកមានបុណ្យ Barcelona នឹងព្យាយាមចរចាជាមួយ PSG សម្រាប់ឱកាសខ្ចីជើង Xavi Simons នៅរដូវកាលក្រោយ។ យ៉ាងណាមិញ កីឡាករវ័យ 21 ឆ្នាំរូបនេះ គឺជាអតីតកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជន La Masia របស់ក្លឹប Barcelona។
កាលពីប៉ុន្មានខែមុន មានសេចក្ដីរាយការណ៍ជាច្រើនបានអះអាងថា ក្លឹបកាំភ្លើងធំ Arsenal បានរៀបចំផែនការទិញយកកីឡាករសញ្ជាតិហូឡង់រូបនេះនៅរដូវក្តៅខាងមុខ។ ទោះជាយ៉ាងណា PSG មិនចង់លក់ Xavi Simons ឡើយ ហើយស្របពេលដែល Barcelona ចង់ខ្ចីជើងខ្សែប្រយុទ្ធស្លាបរូបនេះទៀតនោះ Arsenal ប្រហែលជាមិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួននោះទេ។
សម្រាប់ Barcelona ពួកគេគ្មានលទ្ធភាពដើម្បីទិញផ្ដាច់កុងត្រារបស់ Xavi Simons ដោយសារបញ្ហាហិរញ្ញវត្ថុ។ ពួកគេមានតែវិធីមួយគត់ ដើម្បីចុះហត្ថលេខាលើអតីតកីឡាករឆ្នើមរបស់ខ្លួនរូបនេះបាន។ សម្រាប់ Xavi Simons ផ្ទាល់ គេក៏ហាក់ចង់វិលត្រឡប់មក Camp Nou ដែលជាកន្លែងខ្លួនធ្លាប់មានភាពលេចធ្លោរខ្លាំងកាលពីកុមារភាពដែរ។