Joelinton ប្រកាសអំពីការបន្តកុងត្រាថ្មីជាមួយ Newcastle United រហូតដល់ខែ មិថុនា ២០២៨
ក្លឹបសារិកាព្រៃ Newcastle United បានប្រកាសអំពីដំណើរការតកុងត្រាថ្មីដោយជោគជ័យរវាងកីឡាករលេងតំណែងបម្រើ Joelinton លើសុពលភាពរយៈពេលយូរ ដល់ចុងខែមិថុនា ឆ្នាំ ២០២៨ ឯណោះ។
នេះវាផ្ទុយស្រឡះអំពីតែចចាមអារ៉ាមចុះផ្សាយ ដែលថាលោក Eddie Howe ជាអ្នកចាត់ការ អាចបង្ខំចិត្តលក់ចេញ Joelinton ក្រោយក្លឹបមានបញ្ហាល្មើសច្បាប់ហិរញ្ញវត្ថុ។ ដល់តែចុះឡើង បែរមកតកុងត្រាថ្មីដោយជោគជ័យ ហើយរយៈពេលយូរទៀតផង។
Joelinton បានរៀបរាប់ប្រាប់គេហទំព័រផ្លូវការយ៉ាងដូច្នោះថា៖ “ខ្ញុំមានអារម្មណ៍ល្អ មានអារម្មណ៍រីករាយ ទាំងក្រុមគ្រួសារខ្ញុំក៏ដូចគ្នា រឿងរ៉ាវជាច្រើនបានកើតឡើងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៅទីនេះ ខ្ញុំបានរៀនសូត្រនិងធំធាត់ឡើង សម្រាប់ខ្ញុំការជ្រើសមក Newcastle ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ”។
ខណៈអ្នកចាត់ការលោក Eddie How វិញក៏បញ្ជាក់៖ “Joelinton គេជាកីឡាករដ៏លេចធ្លោ ហើយក៏ទទួលបានការស្រលាញ់ពីអ្នករាល់គ្នានៅក្លឹបផងដែរ គេបានពាំនាំគុណភាពដ៏ល្អ មកកាន់ក្រុម និងកាន់តែធ្វើឲ្យពួកយើងរឹងមាំឡើង”។