ក្លិបគីឡូធ្ងន់ PL ចំនួន៣ បង្ហាញចិត្តចង់បានខ្សែការពារ Mendy របស់ Real Madrid
ក្លិបនៅក្នុងក្របខ័ណ្ឌ Premier League ចំនួន ៣ ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែការពារ Ferland Mendy របស់ក្លិប Real Madrid នៅទីផ្សារដោះដូរខាងមុខ។
ជាក់ស្តែងកីឡាករវ័យ ២៨ឆ្នាំរូបនេះ កំពុងឈានទៅរកការលេងសម្រាប់រដូវកាលទី៥របស់ខ្លួននៅទឹកដី Bernabeu ដោយក្នុងនោះគេបានរួមចំណែករកបាន ៦គ្រាប់ និង assist ចំនួន ១០លើក ពីការបង្ហាញខ្លួនសរុប ១៦៥ប្រកួត ។
តែទោះជាយ៉ាងណាក៏ដោយ អនាគតរបស់ Mendy នៅតែបន្តស្ថិតនៅក្នុងភាពសង្ស័យ ចំពេលមានពាក្យចចាមអារ៉ាមជាច្រើនបង្ហាញថាក្លិប Madrid កំពុងផ្តោតការចាប់អារម្មណ៍ទៅលើខ្សែការពារ Alphonso Davies ពីក្លឹប Bayern Munich ។
ជុំវិញស្ថានភាពនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន L’Equipe បានបង្ហាញឲ្យដឹងថាក្លិបនៅ Premier League មួយចំនួន កំពុងតាមដានលើ Mendy ដោយចង់ចុះហត្ថលេខានាំយកខ្សែការពារសញ្ជាតិបារាំងរូបនេះ មកកាន់ទឹកដី Premier League នៅទីផ្សារដោះដូរនាពេលខាងមុខ ។
ប្រភពដដែលនេះ ក៏បានរាយការណ៍ទៀតថា ទាំង Liverpool, Arsenal និង Newcastle United ត្រូវបានគេនិយាយថាជាក្លិបដែលចង់បាន Mendy ខ្លាំង ជាមួយនឹងការផ្តល់ជូនសំណើពិសេសៗ ផ្សេងៗគ្នា ដើម្បីទាក់ចិត្តខ្សែការពារឆ្នើមរូបនេះ៕