Phil Foden បង្ហើបថា លើជញ្ជាំងទីលានហ្វឹកហាត់ Man City នៅមានពាក្យលើកទឹកចិត្តមួយនេះ
ដូចយើងបានដឹងថា ក្លឹបសំពៅមាស Manchester City បានរបូតពានធំ UEFA Champions League ក្រោមថ្វីជើងរបស់ស្តេចស Real Madrid នាំឲ្យពួកគេសេសសល់ឱកាសឈ្នះត្រឹមពានពីរប៉ុណ្ណោះមាន Premier League និង FA Cup។
ដោយឡែកថ្មីៗនេះ Phil Foden ជាយុវជនឆ្នើមនៅ Etihad Stadium ក៏បានទម្លាយអំពីសារដែលបានសរសេរនៅលើជញ្ជាំងទីលានហ្វឹកហាត់របស់ក្លឹប អំពីឆន្ទៈដែលពួកគេត្រូវដាក់ចិត្តខិតខំបន្ត គឺពាន PL សម័យកាលទីបួន។
កីឡាករអង់គ្លេសប្រាប់ទៅសារព័ត៌មាន Daily Mail យ៉ាងដូច្នោះថា៖ “យើងដឹងច្បាស់ថា បើយើងឈ្នះ Premier League សារនេះ វាគឺ ជាអ្វីថ្មីដែលពួកយើងនឹងបង្កើតវាឡើង គ្រប់គ្នាបានដាក់ក្រសែភ្នែកលើរឿងនោះ ហើយរាល់ពេលយើងដាក់ជើងលើទីលាន យើងសម្លឹងទៅលើជញ្ជាំងគឺពាក្យថា ‘គ្មាននរណាធ្លាប់បានឈ្នះ Premier League ៤ សម័យជាប់ពីមុនមកទេ’។
គួរឲ្យដឹងថា ជាការពិត ៣ សម័យកាលមុនរាប់ចាប់តាំងពីរដូវកាល ២០២០/២១, ២០២១/២២, ២០២២/២៣ សុទ្ធសឹងក្លឹបដឹកនាំដោយអ្នកចាត់ការលោក Pep Guardiola ឈ្នះជើងឯកទាំងអស់ ឥឡូវសារនេះ ២០២៣/២៤ បើបន្ថែមមួយទៀត វាគឺជាមហាកំណត់ត្រាថ្មីសន្លាងនៅប្រវត្តិសាស្រ្តបាល់ទាត់៕