Brighton ប្រកាសពីប្រាក់ចំណេញខ្ពស់បំផុត សម្រាប់រដូវកាលដ៏ជោគជ័យក្នុងប្រវត្តិសាស្ត្ររបស់ក្លិប

ក្លិប Brighton បានប្រកាសពីប្រាក់ចំណេញខ្ពស់បំផុតចំនួន ១២២,៨ លានផោនក្នុងរដូវកាល ២០២២-២៣ ដែលជារដូវកាលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Premier League នេះ។

Albion បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុន បានឈានដល់លេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup និងទទួលបានទឹកប្រាក់ដ៏ច្រើនពីការលក់កីឡាករសំខាន់ៗមួយចំនួន។

ប្រាក់ចំណេញមួយផ្នែក ត្រូវបានក្លិបប្រើប្រាស់សម្រាប់សងទៅលោក Tony Bloom ដែលជាម្ចាស់ក្លិប សម្រាប់ប្រាក់កម្ចីដែលលោកផ្ដល់ជូន ៤០៦,៥ លានផោន។ ប្រាក់កម្ចីដែលទទួលបានកាលពីឆ្នាំ២០០៧ នឹងកាត់បន្ថយមកសល់ត្រឹម ៣៧៣,៣ លានផោន។

ការប្រកាសរបស់ Brighton បានធ្វើឡើងស្របពេលដែលក្លិបមួយចំនួនបានប្រកាសពីការខាតបង់យ៉ាងច្រើន រួមមាន Aston Villa (១២០លានផោន), Chelsea (៩០លានផោន), Everton (៨៩លានផោន), Leicester (៩០លានផោន), Newcastle United (៧៣លានផោន), Nottingham Forest (៥២លានផោន) និង Wolves (៦៧លានផោន)។

គួររំឭកថា Everton និង Forest ត្រូវបាន Premier League ដកពិន្ទុ សម្រាប់ការបំពានលើច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាព ខណៈ Leicester កំពុងប្រឈមមុខនឹងការចោទប្រកាន់ស្រដៀងគ្នានេះ៕

Leave a Reply

Your email address will not be published. Required fields are marked *