ក្លឹបកាំភ្លើងធំ Arsenal បន្ដកុងត្រាឱ្យ Tomiyasu ហើយអនុញ្ញាតកីឡាករមួយរូបទៀតចាកចេញ

ក្លឹប Arsenal បានប្រកាសពីថ្ងៃពុធថា ខ្សែការពារ Takehiro Tomiyasu បានយល់ព្រមបន្ដកិច្ចសន្យាថ្មីពីររដូវកាលបន្ថែមទៀត រហូតដល់ឆ្នាំ២០២៦។ ការលេងដ៏ល្អរបស់ ខ្សែការពារជប៉ុន បានធ្វើឱ្យលោក Mikel Arteta ផ្ដល់ទំនុកចិត្តសម្រាប់គេឱ្យនៅបន្ដរួមរស់ជាមួយក្លឹប។

ដៃគូរួមតំបន់ការពាររបស់គេ Ben White ក៏ទើបតែបានយល់ព្រមបន្ដកុងត្រាដល់ឆ្នាំ២០២៨ ហើយកីឡាកររូបនេះ មានការប្ដេជ្ញាចិត្តខ្ពស់សម្រាប់ក្រុមកាំភ្លើងធំ ហើយសុខចិត្តមិនលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតមិត្តភាពនាខែមីនានេះ។

Arsenal បានប្រកាសកាលពីថ្ងៃពុធថា Tomiyasu បានសម្រេចចិត្តបន្ដកុងត្រានៅទឹកដី Emirates រហូតដល់ឆ្នាំ២០២៦ ដោយសារក្លឹបមើលឃើញពីការខិតខំប្រឹងប្រែងរបស់គេ។

ទន្ទឹមនឹងការបន្ដកិច្ចសន្យាថ្មីសម្រាប់ខ្សែការពារស្លាបស្ដាំជម្រើសជាតិជប៉ុន ក្លឹប Arsenal នឹងអនុញ្ញាតឱ្យកីឡាករព័រទុយហ្កាល់ Cedric Soares ចាកចេញដោយគ្មានតម្លៃផ្ទេរ នៅក្នុងទីផ្សាររដូវក្ដៅនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *