MAN CITY នឹងបាត់បង់កីឡាករដ៏សំខាន់មួយរូបដល់ទៅ ៤ សប្តាហ៍

អ្នកចាំទី Ederson របស់ក្រុមមេឃខៀវ Manchester City នឹងប្រឈមមុខនឹងការសម្រាករយៈពេល ៤សប្តាហ៍ បន្ទាប់ពីរងរបួសក្នុងការប្រកួតស្មើគ្នា ១:១ កាលពីថ្ងៃអាទិត្យនៅទឹកដីក្រុមហង្សក្រហម Liverpool ក្នុងក្របខ័ណ្ឌ Premier League ។

ជាមួយគ្នានេះដែរ កីឡាករសញ្ជាតិប្រេស៊ីល ត្រូវបានបង្ខំឱ្យចាកចេញនៅតង់ទី២ បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមគឺ Darwin Nunez មានការប៉ះទង្គិចនៅចុងម៉ោងនៅក្នុងតំបន់ពិន័យ១១ម៉េត្រ។ ជាដំបូង Ederson បានព្យាយាមបន្តលេង ប៉ុន្តែគាត់មានភាពមិនស្រួលគួរឱ្យកត់សម្គាល់ ហើយនៅទីបំផុត គាត់បានប្តូរចេញនៅនាទីទី៥៦ ជំនួសដោយអ្នកចាំទី Stefan Ortega។

ជាក់ស្តែង ក្រោយ​ចប់​ការ​ប្រកួត លោក Pep Guardiola អ្នក​ចាត់​ការ​ក្រុម Man City បាន​ទទួល​ស្គាល់​ថា លោក​មិន​បាន​ដឹង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​របួស​របស់ Ederson ច្បាស់នោះ​ទេ ប៉ុន្តែគាត់ថាមើលទៅវាមិនល្អឡើយ ជុំវិញបញ្ហារបួសនេះ។ គួរជម្រាបដែរថា អ្នកចាំ Ederson អាចនឹងអវត្តមានដល់ប្រកួតជាមួយ Arsenal នាថ្ងៃទី៣១ ខែមីនា ខាងមុខនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *