ក្លឹបហង្សក្រហម Liverpool ទទួលបានដំណឹងល្អមួយនេះ ដើម្បីប្រជែងជាមួយពានធំៗទាំង4

កីឡាករ Mohamed Salah ទទួលបានការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រក្រុមជម្រើសជាតិអេហ្ស៊ីប បន្ទាប់ពីកីឡាកររូបនេះបានចាកចេញពីការប្រកួត Africa Cup of Nation ដើម្បីព្យាបាលរបួសនៅ Liverpool។ ក្នុងអំឡុងពេលដែលអវត្តមានកីឡាកររូបនេះ ក្រុមជម្រើសជាតិអេហ្ស៊ីបលេងបានត្រឹមវគ្គ ១៦ ក្រុមចុងក្រោយប៉ុណ្ណោះ បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិ DR Congo ក្នុងវគ្គស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្តី។

បន្ទាប់ពីធ្លាក់ចេញពីពាន AFCON កីឡាករ Mohamed Salah នឹងមានភារកិច្ចជួយក្រុម Liverpool ដើម្បីប្រជែងជាមួយពានដល់ទៅ ៤ ក្នុងរដូវកាលនេះ។ កីឡាករ Mohamed Salah ទំនងជាអាចវិលត្រឡប់មកវិញឆាប់ៗនេះ ដែលជាព័ត៌មានដ៏ល្អទៅកាន់លោក Jurgen Klopp ក្នុងការដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់ដល់ទៅ ៤ សម្រាប់រដូវកាលចុងក្រោយរបស់លោក។

បើទោះបីជាអវត្តមានកីឡាករ Mohamed Salah មួយរយៈក្តី ក៏ក្រុម Liverpool នៅបន្តភាពខ្លាំងរបស់ខ្លួន ស្របពេលកីឡាករ Darwin Nunez និងកីឡាករ Diogo Jota បង្ហាញទម្រង់លេងបានយ៉ាងល្អ។ ការវិលត្រឡប់មកវិញរបស់កីឡាករ Mohamed Salah នឹងជាជំនួយដល់ក្រុម Liverpool ឱ្យកាន់តែខ្លាំងជាងមុនបន្ថែមទៀតក្នុងតំបន់ប្រយុទ្ធផងដែរ។

លោក Jurgen Klopp សង្ឃឹមថាកីឡាករ Mohamed Salah នឹងចូលលេងបានឆាប់ៗខាងមុខនេះ បន្ទាប់ពីក្រុម Liverpool បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup នាខែកុម្ភៈ ដោយត្រូវប៉ះគ្នាជាមួយក្រុមតោខៀវ Chelsea៕

Leave a Reply

Your email address will not be published. Required fields are marked *