លោក Erik Ten Hag បានជូនកាដូមួយនេះដល់គ្រូបង្វឹកក្រុម Newport តាមបណ្ដាំលោក Sir Alex!

ក្រុម Manchester United បានយកឈ្នះក្រុម Newport ដែលលេងក្នុងលីគ League Two ក្របខណ្ឌទី៤ នៅប្រទេសអង់គ្លេស ក្នុងលទ្ធផល ៤-២ កាលពីយប់មិញ ក្នុងពានរង្វាន់ FA Cup ជុំទី៤ តាមរយៈការរកគ្រាប់បាល់ជ័យជំនះដោយកីឡាករ Antony និងកីឡាករ Rasmus Hojlund។

ក្រុម Manchester United នឹងបន្តដំណើរទៅកាន់ជុំទី៥ នៃពានរង្វាន់ FA Cup ដោយពួកគេនឹងត្រូវរង់ចាំអ៊ុតមើលក្រុមដែលត្រូវប៉ះបន្ទាប់រវាងក្រុម Nottingham Forest និងក្រុម Bristol City។

បន្ទាប់ពីបញ្ចប់ការផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Erik ten Hag បានជូនជាកាដូទៅកាន់លោក Graham Coughlan គ្រូបង្វឹកក្រុម Newport ដែលជាស្រាក្រហមតម្លៃ ២០០ ផោន តាមរយៈការណែនាំដោយលោក Sir Alex Ferguson។

ប៉ុន្តែ ស្រាក្រហមមួយនេះហាក់បីដូចជាមិនត្រូវនឹងចំណង់ចំណូលចិត្តរបស់លោក Graham Coughlan ឡើយ ដោយលោកចូលចិត្ត Budweiser ច្រើនជាង។ លោក Erik ten Hag បានមានកិច្ចសន្ទនាជាមួយលោក Graham Coughlan ថា៖

លោក Erik ten Hag៖ «ពួកយើងមានកាដូមួយជូនលោក។»
លោក Graham Coughlan៖ «អស្ចារ្យមែន! ប៉ុន្តែលោកដឹងអត់ថាខ្ញុំអត់ផឹកស្រាក្រហមទេ។ ខ្ញុំផឹក Budweiser។»
លោក Erik ten Hag៖ «Budweiser មែនឬ? ប៊ីយែរបស់អាមេរិក? ប៉ុន្តែស្រាក្រហមនេះ គឺលោក Sir Alex ជាអ្នកណែនាំ ដូច្នេះហើយភរិយារបស់លោកនឹងចូលចិត្តវា។ ប្រហែលជាលោកគួរតែសាកបន្តិចហើយ លោកអាចនឹងចូលចិត្តក៏ថាបាន។ ក្រុមរបស់លោកពិតជាធ្វើបានល្អណាស់ក្នុងយប់នេះ។

គួរបញ្ជាក់ផងដែរថា ក្រុម Newport បានព្យាយាមសម្រុកទៅលើក្រុម Manchester United ជាច្រើនលើកច្រើនសាររហូតដល់តាមស្មើនៅដើមតង់ទី២ តាមរយៈការរកគ្រាប់បាល់ដោយកីឡាករ Bryn Morris និងកីឡាករ Will Evans។ ទោះបីជាយ៉ាងណា ក៏លទ្ធផលចុងបញ្ចប់ធ្វើឱ្យក្រុម Manchester United យកឈ្នះការប្រកួតនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *