Mbappe បានសរសើរក្លឹប Liverpool ថា​កើត​ជោគជ័យ​ធំ ក៏​មក​ពី​ចំណែក Klopp មួយ​ទំហឹង​ដែរ

​កីឡាករ​ដែល​កំពុង​ផ្សារភ្ជាប់​ចចាមអារ៉ាម​ទៅ​កាន់​ក្លឹប​ហង្ស​ក្រហម Liverpool គឺ​ Kylian Mbappe បាន​លាន់​មាត់​សរសើរ​ចំៗ​ទៅ​កាន់​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​លោក Jurgen Klopp ក្រោយ​លឺ​ដំណឹង​ប្រកាស​ត្រៀម​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល​ខាង​មុខ បន្ទាប់​ការ​ដឹកនាំ​អស់​ ៩ ឆ្នាំ។

សម្រាប់​បុរស​វ័យ ៥៦ ឆ្នាំ បាន​មាន​ការ​សោកស្តាយ​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន ត្រង់ Klopp ហាក់​មិន​មាន​បញ្ហា​ឬ​ការ​ធ្លាក់​ចុះ​ទម្រង់​ណា​មួយ​គួរ​ឲ្យ​គិត​ជា​បញ្ហា​នោះ​ទេ ជាមួយ​ក្លឹប​ម្ចាស់ដី Anfield។ ងាក​មក​កីឡាករ​វ័យ ២៥ ឆ្នាំ​សញ្ជាតិ​បារាំង ក៏​បាន​និយាយ​យ៉ាង​ដូច្នោះ៖ “នៅ​រដូវ​កាល​នេះ Liverpool ប្រៀប​ដូច​ជា​ម៉ាស៊ីន​នៅ Premier League”។

លោក​បន្ត៖ “ពួក​គេ​ហាក់​បង្កើត​ជ័យជម្នះ​បាន​យ៉ាង​ងាយ​ស្រួល ជា​ការ​ពិត​វា​មិន​មែន​រឿង​ងាយ​ឡើយ តែ​ទម្រង់​លេង​ដែល​បង្ហាញ​ចេញ​មក​គឺ​អស្ចារ្យ យ៉ាង​ណា​វា​កើត​ចេញ​ពី​ការ​ខិតខំ​ខ្លាំង​ក្នុង​ការ​ហ្វឹកហាត់ និង​ការ​ដែល​មាន​អ្នកចាត់ការ​ដ៏​ល្អ​ម្នាក់ [សំដៅ​ទៅ​ Klopp]”។

ថយ​ក្រោយ​វិញ​ដែរ Klopp ក៏​ធ្លាប់​សរសើរ Mbappe កាល​ឆ្នាំ ២០១៨៖ “ខ្ញុំ​ស្រលាញ់​គេ​នេះ​ណាស់ និយាយ​ដោយ​ត្រង់ គេ​ជា​កីឡាករ​ដ៏​ល្អ​លើ​ទីលាន ក៏​ជា​ក្មេង​ដ៏​ល្អ​ម្នាក់ ​គ្រប់​គ្នា​ចាប់​ស្គាល់ Mbappe តាំង​គេ​នៅ​អាយុ ១៦ ឬ ១៧ គ្រា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ឈុត​ថ្នាល Monaco មក​ម្ល៉េះ ខ្ញុំ​ក៏​បាន​មើល​វីដេអូ​ជា​ច្រើន​របស់​គេ​ដែរ”៕

Leave a Reply

Your email address will not be published. Required fields are marked *