កីឡាករសំខាន់ពីររូបរបស់ Man City ជួបបញ្ហារបួស មុនជួប Real Madrid នៅ UCL
គម្រោងរបស់ Manchester City សម្រាប់ការប្រកួត UEFA Champions League ទល់នឹង Real Madrid អាចនឹងប្រែប្រួល បន្ទាប់ពីមានសមាជិកដ៏សំខាន់ម្នាក់ទៀតមានបញ្ហារបួស។
ក្រុមរបស់លោក Guardiola នឹងតតាំងជាមួយក្រុមអធិរាជស ក្នុងពានរង្វាន់អឺរ៉ុបមួយនេះ៣រដូវកាលជាប់គ្នា ហើយលើកនេះ ពួកគេជួបគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយ។
ក្រុមការពារជើងឯកលីគកំពូលអង់គ្លេស នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ាឌ្រីដនាថ្ងៃទី៩ខែមេសា ហើយការប្រកួតជើងទី២ នឹងធ្វើឡើងនៅទីក្រុងមែនឆេស្ទឺរនា៨ថ្ងៃបន្ទាប់។
លោក Guardiola មានក្ដីបារម្ភអំពីស្ថានភាពរបស់ Kyle Walker បន្ទាប់ពីគេត្រូវបានបង្ខំចិត្តដូរចេញក្នុងការប្រកួតរបស់ក្រុមជម្រើសជាតិអង់គ្លេស ទល់នឹងប្រេស៊ីល។
ហើយនៅក្នុងប្រកួតបន្ទាប់រវាងអង់គ្លេសនិង បែលហ្ស៊ិក ខ្សែការពារក្រុមមេឃខៀវម្នាក់ទៀត John Stones ក៏ត្រូវប្ដូរចេញដោយសារស្ថានភាពមិនល្អផងដែរ។ បញ្ហារបួស Stones នឹងត្រូវពិនិត្យ ស្របពេលដែល Man City ក៏នឹងត្រូវប្រកួត Premier League ទល់នឹង Arsenal ផងដែរ នាថ្ងៃទី៣១ ខែមីនា ខាងមុខ៕